ភាពប្រាកដប្រជាក្នុងទំនាក់ទំនងស្នេហា គឺជាវិធីតែមួយគត់ក្នុងការស្វែងរកសុភមង្គលក្នុងគ្រួសារ។ បើចេតនានៃការទំនាក់ទំនងនោះក្នុងគោលដៅបំពេញផលប្រយោជន៍ឬគ្រាន់តែដើម្បីកុំឱ្យគេថាអត់គូរ ឬដើម្បីបំពេញពាក្យអ្នកដទៃ ខណៈខ្លួនឯងមិនច្បាស់លាស់ ឬក៏មិនទាន់រួចរាល់សម្រាប់ទំនួលខុសត្រូវនានាក្នុងជីវិតគូ គួរកុំទាន់ទទួល ឬក៏ជ្រើសរើសនរណាម្នាក់មកជាប់ទាក់ទងក្នុងជីវិតរបស់អ្នកឡើយ។ នេះបើតាមការលើកឡើងរបស់ អ្នកនិពន្ធក៏ដូចជាពិធីករ អ្នកសារព័ត៌មាន ហេង សុវណ្ណ ម្ចាស់ស្នាដៃ «វិថីសុភមង្គល»។
ប្រសិនជាលោកអ្នកជាអ្នកអានសៀវភៅវិថីសុភមង្គល ហើយមិនទាន់ស្គាល់អ្នកនិពន្ធនៅឡើយ អត្ថបទនេះនឹងនែណាំលោកអ្នកឱ្យស្គាល់អ្នកនិពន្ធ លោក ហេង សុវណ្ណ ដែលសៀវភៅស្នាដៃរបស់លោក បានចូលរួមចំណែកក្នុងការកសាងសុភមង្គលគ្រួសារ ដែលនេះជារឿងសំខាន់បំផុតរបស់មនុស្សយើងម្នាក់ៗ។ មានកំណើតមកពីខេត្ត កំពង់ចាមជាកូនកសិករ និងអ្នកលក់ដូរធម្មតាមួយ ដែលនៅឆ្ងាយពីទីប្រជុំជន ឱកាសទទួលបានការអប់រំគឺមានស្ដួចស្ដើង ពិសេសមានរនាំឧបសគ្គច្រើនជាងកូនអ្នកមានធនធាន និងមានផ្ទះជិតសាលារៀន និងរស់នៅក្បែរសៀវភៅ។
សម្រាប់លោក សុវណ្ណ សៀវភៅបានក្លាយជាថ្នាំញៀន ដែលលោកខ្វះមិនបាន ការអាននិងការស្រមើលស្រមៃចង់ក្លាយជាអ្នកនិពន្ធវិលវល់ពេញបេះដូង រហូតលោកមានឱកាសបានជាប់មករៀននៅភ្នំពេញ ហើយបានចូលរួមក្នុងការតែងសំនេរបង្ហាញពីបញ្ហាអំពើពុករលួយ និងការចូលរួមចំណែកបង្កើតនសុចរិតភាពសង្គម ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីឆ្នាំ ២០១២ ហើយក៏ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ដែលនេះហើយជាដើមទុនធ្វើឱ្យ លោក ហេង សុវណ្ណ បោះពុម្ពសៀវភៅផ្ទាល់ខ្លួនជាលើកដំបូង ដែលមានចំណងជើងថា «គម្ហើញជីវិតគំនិតពុទ្ធិ»។ ទោះមិនសូវបានការគាំទ្រខ្លាំង យ៉ាងណាក៏មានឈ្នោះជាអ្នកនិពន្ធម្នាក់ពីពេលនោះមក ព្រមទាំងបានញ៉ាំងឲ្យផ្លូវជីវិតរបស់លោក ឈានដល់ការនិពន្ធបន្តិចម្តងរហូតមកដល់បច្ចុប្បន្ន។
ក្រោយពីបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រផ្នែកច្បាប់ លោក ហេង សុវណ្ណ បានក្លាយខ្លួនជាមន្ត្រីម្នាក់ក្នុងក្រសួងមួយ ក៏ប៉ុន្តែការងាររដ្ឋប្រហែលមិនមែនជាជម្រើសជីវិត ដែលលោកចង់បានទើបលោកបោះបង់តំណែងនិងតួនាទី មកបំពេញការងារជាអ្នកសារព័ត៌មាន ហើយក៏ធ្វើជាពិធីករទូទស្សន៍អស់រយៈពេលជាច្រើនឆ្នាំ និងកំពុងបន្តមកដល់បច្ចុប្បន្នដែលការងារអ្នកសារព័ត៌មាននិងជាពិធីករនេះហើយ ត្រួសត្រាយស្រាយផ្លូវនិងនាំខ្លួនលោកឱ្យមានគំនិតសរសេរចងក្រងសៀវភៅ វិថីសុភមង្គល រួមគ្នាជាមួយឧត្ដមភរិយាដ័៏ស្រស់ស្អាតរបស់លោក ដែលជាមនុស្សម្នាក់ដ៏សំខាន់ក្នុងជីវិតគូរក្នុងមួយជីវិតនេះ។ នេះបើតាមការលើកឡើងរបស់ លោក ហេង សុវណ្ណ។
បើនិយាយពីការចង់ក្រងសៀវភៅ វិថីសុភមង្គលវិញវាជាការសន្សំរឿងរបស់លោក ហេង សុវណ្ណ ហើយក៏វាជាចំណងដៃ ដែលបានមកពីការដក់ស្រង់ពីជីវិតពិត បទពិសោធន៍ដែលលោកបានរៀនសូត្រ និងជួបដដែលៗស្ទើរតែរាល់ថ្ងៃក្នុងជីវិតជាអ្នកសារព៌ត៌មាន ដែលអានអំពីហេតុការណ៍ខ្លោចផ្សារជាច្រើនដែលបានកើតឡើងដោយសារការដែលគ្មានសុភមង្គលក្នុងគ្រួសារ។
ប្តីប្រពន្ធទាស់ទេងគ្នា បង្កើតជាហិង្សាកូនៗត្រូវព្រាត់ឪពុកម្តាយ និងក្លាយជាកាកសំណល់សង្គម ព្រោះការអប់រំរបស់ឪពុកម្តាយមួយចំនួនទាំងនេះហើយគឺកំហឹងរបស់អ្នកតែងនិពន្ធ ដែលមិនអាចរលត់បាន បើមិនបានផ្លាស់ប្តូរតាមរយៈចុងប៊ិចនេះឯង ដូច្នេះហើយសៀវភៅ វិថីសុភមង្គល សង្ឃឹមថាជាថ្នាំកែរោគឬជាវិធីបង្ការរោគ អព្ពមង្គលក្នុងគ្រួសារទាំងឡាយក្នុងសង្គមខ្មែរ ដែលនៅខ្សត់ខ្សោយខ្វះខាត់ចំណេះដឹងបើកទូលាយបែបនេះ។ លោក ហេង សុវណ្ណបន្ថែម។
អ្នកនិពន្ធរូបនេះបន្តថា សេចក្ដីប្រាថ្នាដ៏ធំក្នុងនាមជាអ្នកនិពន្ធ គ្មានអ្វីក្រៅតែពីចង់ឱ្យអ្នកអានបានស្វែងយល់និងចាប់យកចំនុចវិជ្ជមានដើម្បីជាប្រយោជន៍របស់អ្នកអាននោះទេ ដោយហេតុនេះហើយទើបការតែងនិពន្ធពិតមានតម្លៃជាសកលលោក ហើយវាក៏ជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពដើម្បីជួយឱ្យយើងទទួលបាននូវសេចក្ដីសុខយ៉ាងពិតប្រាកដនិងជាអាវុធប្រឆាំនូវវិបត្តិនានាក្នុងចិត្តរបស់យើងផងដែរ។
ហេតុដូចនេះហើយទើបលោក ហេង សុវណ្ណ និងភរិយា ព្យាយាមឆ្លៀតពេលដ៏នឿយហត់ប្រកបការងារប្រចាំថ្ងៃរៀបរៀង ចង់ក្រងតែងនិពន្ធសៀវភៅ "វិថីសុភមង្គល" នេះឡើងទុកជាស្នាដៃ ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់បានរៀនសូត្រ ហើយពេលណាមួយ លោក ហេង សុវណ្ណ សង្ឃឹមថា សៀវភៅរបស់លោក អាចក្លាយជា មេរៀនដែលត្រូវបានទទួលស្គាល់ថ្នាក់ជាតិ ដូចនឹងសៀវភៅរឿងល្បីដទៃទៀត ដែលរូបលោកធ្លាប់បានអានតាំងតែពីក្មេងដែលលោកមានការកោតសរសើរនិងជាប់ចិត្តនូវវីរៈភាពយ៉ាងក្រៃលែងរបស់រាមច្បងអ្នកតែងនិពន្ធពីដើមៗ៕